ការសិក្សាថ្មីបានបង្ហាញថា បើអ្នកកាន់តែឱបកូនរបស់ខ្លួន នោះខួរក្បាលពួកគេ នឹងកាន់តែលូតលាស់ខ្លាំង
- ចិត្តសាស្ត្រ
- ខែតុលា 31, 2019
ការស្រលាញ់ និងការចូលចិត្ត មានសារៈសំខាន់ណាស់សម្រាប់ភាពវិជ្ជមានទាំងផ្លូវអារម្មណ៍ និងការលូតលាស់របស់រាងកាយ។ នៅពេលដែលយើងសោកសៅ ឬខូចចិត្ត ការឱបដ៏កក់ក្តៅមួយអាចជួយកាត់បន្ថយការប៉ះទង្គិចផ្លូវចិត្តទាំងនោះបាន។ នៅពេលយើងចង់ចែករំលែកភាពរីករាយ ត្រេកអរ យើងក៏អាចផ្ដល់ឲ្យអ្នកដទៃដោយការឱបផងដែរ។
ក្នុងន័យនេះ តាមការសិក្សាបែបវិទ្យាសាស្ត្រថ្មីបានបង្ហាញថា ការឱបមានសារៈសំខាន់ណាស់សម្រាប់កូនៗរបស់លោកអ្នក។ ការឱបរយៈពេល២០វិនាទី អាចជួយឱ្យកូនអ្នកមានភាពវាងវៃ សុខភាពល្អ រីករាយ មានភាពអត់ធន់ និងជិតស្និទ្ធជាមួយឪពុកម្តាយ។
ការលូតលាស់របស់ក្មេងតូច ត្រូវការការរំញោចញ្ញាណផ្សេងៗសម្រាប់ការអភិវឌ្ឍន៍។ ការប៉ះពាល់រវាងស្បែកនិងស្បែក គឺជាការរំញោចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យមានការរីកចម្រើនផ្នែកខួរក្បាល និងសុខភាពល្អ។
ករណីសិក្សាខាងលើ បានគូសបញ្ជាក់ឲ្យដឹងដែរថា មិនមែនការប៉ះគ្រប់ប្រភេទសុទ្ធតែមានប្រយោជន៍ទេ គឺមានតែការប៉ះបែបចិញ្ចឹមបីបាច់ ការឱបថ្នមៗប៉ុណ្ណោះ ទើបអាចផ្តល់នូវការជម្រុញភាពវិជ្ជមានដល់ខួរក្បាលក្មេងបាន។ នៅពេលដែលកុមារខ្វះខាតការប៉ះពាល់ស្បែក និងស្បែក ឬការឱបពីយើង នោះរាងកាយរបស់ពួកគេនឹងឈប់លូតលាស់ បើទោះបីទទួលទានសារធាតុចិញ្ចឹមក៏ដោយ។
កង្វះការលូតលាស់នេះ អាចនឹងប្រសើរឡើងវិញ នៅពេលដែលការចិញ្ចឹមបីបាច់ទាំងនោះ មានលាយលំជាមួយនឹងការប៉ះរាងកាយកុមារ និងការឱប។ ការឱបបង្កឱ្យមានការបញ្ចេញអុកស៊ីតូស៊ីន (Oxytoxin) ដែលត្រូវបានគេស្គាល់ផងដែរថា ជាអរម៉ូនស្នេហា។ អរម៉ូនដែលធ្វើឱ្យយើងមានអារម្មណ៍ល្អនេះ មានឥទ្ធិពលសំខាន់ៗជាច្រើនលើរាងកាយរបស់យើង។
ការសិក្សាបង្ហាញឲ្យដឹងទៀតថា ការឱបអាចបង្កើនកម្រិតអុកស៊ីតូស៊ីនភ្លាមៗ។ នៅពេលដែលអុកស៊ីតូស៊ីនត្រូវបានកើនឡើង មានអរម៉ូនជាច្រើនក៏លូតលាស់ដែរ ដូចជា អាំងស៊ុយលីន និងកត្តាលូតលាស់សរសៃប្រសាទ ក៏កើនឡើងទៅតាមនោះដែរ។
យោងតាមការស្រង់ទិន្នន័យពីមន្ទីរពេទ្យកុមារជាតិ នៅរដ្ឋអូហៃអូ(Ohio) សហរដ្ឋអាមេរិក បានឱ្យដឹងថា បើអ្នកឱបទារកកាន់តែច្រើន នោះខួរក្បាលរបស់ពួកគេ នឹងលូតលាស់កាន់តែខ្លាំង។ គេបានសិក្សាទៅលើទារកចំនួន១២៥នាក់ ទាំងទារកមិនគ្រប់ខែ និងពេញវ័យ ចំពោះការប៉ះពាល់ស្បែក និងស្បែក ឬការឱប។
លទ្ធផលបានបង្ហាញថា ទារកដែលកើតមិនគ្រប់ខែ បានឆ្លើយតបនឹងសេចក្តីស្រឡាញ់តិចជាងទារកដែលកើតគ្រប់ខែ។ ទោះយ៉ាងណាក៏ដោយ គេឃើញថា ទារកដែលទទួលបានការឱបថើប និងបីថ្នាក់ថ្នម មានសេចក្ដីស្រលាញ់ពីឪពុកម្តាយ ឬបុគ្គលិកមន្ទីរពេទ្យ ខួរក្បាលរបស់ពួកគេមានរំញោចឆ្លើយតបមកវិញខ្លាំង។
លោកស្រីវេជ្ជបណ្ឌិត Nathalie Maitre បានមានប្រសាសន៍ថា យើងត្រូវប្រាកដថា ទារកដែលកើតមិនគ្រប់ខែ អាចទទួលបានការប៉ះស្បែក និងស្បែក ឬការឱប បីបំពេរពីឪពុកម្តាយឲ្យបានច្រើន ដើម្បីជួយដល់ខួរក្បាលរបស់ពួកគេ អាចលូតលាស់ដូចទៅនឹងទារកដែលនៅក្នុងផ្ទៃពោះម្ដាយគ្រប់ខែផងដែរ៕
ប្រែសម្រួលដោយ៖ ជា ស៊ាងប៊ូ
ផ្តល់សិទ្ធិដោយ៖ www.camboglobe.com


