ការវិវឌ្ឍប្រែប្រួលរាងកាយ និងបញ្ញារបស់ទារក ក្រោយពេលសម្រាលរហូតដល់អាយុ១ខួប
- ការលូតលាស់
- ខែធ្នូ 18, 2019
អត្ថបទមួយនេះ ល្អបំផុតសម្រាប់លោកអ្នក ដែលទើបក្លាយជាឪពុកម្តាយរបស់ទារកជាលើកដំបូង។ នៅក្នុងរវាង៤តំណាក់កាលខាងក្រោមនេះ នឹងបង្ហាញលោកអ្នកឱ្យបានដឹង និងយល់អំពីការវិវឌ្ឍប្រែប្រួលទាំងរាងកាយ និងអារម្មណ៍ ឬភាពរវាសរវៃរបស់ទារក ចាប់តាំងពីថ្ងៃដែលទារកទើបឃើញពន្លឺថ្ងៃជាលើកដំបូង រហូតដល់ទារកមានអាយុ១ខួប។
១.ក្រោយពេលកើត រហូតដល់អាយុ៣ខែ
ទារកទើបនឹងកើតអាចទទួលបានព័ត៌មានជាច្រើន តាមរយៈវិញ្ញាណរបស់ពួកគេ។ ទោះបីទារកមិនអាចស្គាល់មុខអ្នក តែពួកគេស្គាល់ក្លិន ការប៉ះ និងសម្លេងរបស់អ្នកជានិច្ច។ ទារកទើបនឹងកើតមិនអាចមើលឃើញវត្ថុ ដែលមានចម្ងាយឆ្ងាយជាង៣,៨សង់ទីម៉ែត្រនោះទេ។ នៅខែទី២ ទារកនឹងចាប់ផ្ដើមលា និងក្ដោបបាតដៃរបស់ខ្លួន។ ប្រសិនបើលោកអ្នក ដាក់អ្វីមួយទៅក្នុងបាតដៃរបស់ទារក នោះពួកគេនឹងក្ដាប់ជាប់ជាមិនខាន។ នេះ គឺជាការចាប់ផ្តើមប្រើប្រាស់សមត្ថភាពដៃរបស់ទារក។
ទារកនឹងចាប់ផ្តើមធ្វើទំនាក់ទំនងសង្គម ក្រោមរូបភាពដូចជា សម្លឹងមើលលោកអ្នកនៅពេលលោកអ្នកនិយាយជាមួយគាត់ ឬធ្វើការស្រែកខ្លាំងៗ។ នៅពេលមានអាយុ៦សប្តាហ៍ ទារកនឹងចាប់ផ្ដើមចេះញញឹម។ នៅដំណាក់កាលនេះ ការលេងជាមួយទារក គឺជាការបង្កើតនូវអារម្មណ៍ថ្មីៗដល់ទារក។ លោកអ្នកគួរនាំយករបស់ដែលពួកគាត់អាចមើលបាន ប៉ះបាន ស្ដាប់បានឱ្យពួកគាត់។
ម្យ៉ាងវិញទៀត លោកអ្នកក៏ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយទារកដោយការច្រៀងលេង ធ្វើសកម្មភាព កាយវិការសប្បាយៗឱ្យគាត់មើល។ បើសិនទារកមានភាពធុញទ្រាន់ ឬមិនចូលចិត្ត ពួកគេនឹងយំ ឬបិទភ្នែក ឬងងុយគេងជាដើម។
២.អាយុ៣ខែដល់៦ខែ
នៅក្នុងវ័យប៉ុណ្ណេះ ទារកកាន់តែរឹងមាំ និងសកម្មជាងមុន។ ទារកនឹងអាចងើបក្បាលបានដោយខ្លួនឯង ហើយពួកគេនឹងចាប់ផ្ដើមបង្វែរក្បាល ទៅរកទិសដៅនៃសម្លេងដែលពួកគេបានឮ។ ទារកនឹងរីករាយជាមួយការប្រើប្រាស់រាងកាយ និងអវៈយវៈផ្សេងៗរបស់ខ្លួន។ គាត់ចូលចិត្តចាប់របស់នេះរបស់នោះ លេងនេះលេងនោះ គ្រវីដៃចុះឡើង ប្រើជើងធាក់ចុះឡើង ឬគ្រលែងខ្លួនជាដើម។
មកដល់ដំណាក់កាលនេះ លោកអ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងជាងមុន នៅក្នុងការមើលថែ ឬលេងជាមួយទារក ព្រោះទារកចាប់ផ្តើមចេះបង្ហាញអារម្មណ៍សប្បាយជាមួយនឹងសម្លេង ឬកាយវិការបស់លោកអ្នក។ ប្រការគួរប្រុងប្រយ័ត្ន នៅក្នុង៦ខែដំបូងនេះ កូនតូចរបស់លោកអ្នក ប្រហែលជាអាចចេះអង្គុយ ឬលូនវា ដូច្នេះគួរប្រយ័ត្នអំពីសុវត្ថិភាពរបស់ពួកគេ។
៣.អាយុ៦ខែដល់៩ខែ
ឥឡូវនេះកូនរបស់លោកអ្នកអាចសើចរលាក់ខ្លាំងៗ ស្រែក និងបង្ហាញការញញឹម ដើម្បីទទួលបានការយកចិត្តទុកដាក់ និងការឆ្លើយតបពីអ្នកមើលថែ។ គាត់អាចលូន វា ក្រឡាប់ និងធ្វើដំណើរទៅរកអ្វីមួយដែលខ្លួនចង់បាន។ នេះបង្ហាញពីការអភិវឌ្ឍសមត្ថភាពរបស់ក្មេង ក្នុងការគ្រប់គ្រងលើសកម្មភាពរបស់ខ្លួន រៀបចំផែនការ និងអនុវត្តទៅតាមអ្វីដែលខ្លួនគិត។ ពួកគេចាប់ផ្ដើមចេះប្រើម្រាមដៃ ជាពិសេសម្រាមចង្អុល និងមេដៃ ដើម្បីក្រញាំវត្ថុផ្សេងៗ ដូចជាសក់របស់លោកអ្នកជាដើម។
នៅដំណាក់កាលនេះ ពួកគាត់ចាប់ផ្ដើមស្វែងយល់ពីភាពស្ថិតស្ថេរនៃវត្ថុអ្វីមួយ។ ឧទាហរណ៍ បើលោកអ្នកយកឧបករណ៍ក្មេងលេងរបស់គាត់លាក់ទុក នោះពួកគាត់នឹងដើរតេះតះៗរកមើលវត្ថុនោះ ជាជាងបំភ្លេចវាចោល។ មួយវិញទៀត ក្មេងនឹងកាន់តែស្គាល់ច្បាស់អំពីសង្គមជុំវិញខ្លួន។ នៅពេលអ្នកហៅឈ្មោះរបស់គាត់ ឬធ្វើត្រាប់តាមគាត់ ពួកគាត់នឹងគិតថា ពិភពលោកនេះស្រស់បំព្រង និងគួរឱ្យរីករាយណាស់។ នេះក៏ជាចំណែកមួយនៃការលូតលាស់ផ្នែកខួរក្បាលរបស់ក្មេងផងដែរ។
៤.អាយុ៩ខែ ទៅ១ខួប
កូនរបស់លោកអ្នកនឹងចាប់ផ្តើមចេះដើរតេះតះៗ។ ល្បឿននៃការលូតលាស់នឹងចុះយឺតជាងមុន មុខរបស់គាត់ប្រែជាស្គមជាងមុន ហើយសមត្ថភាពរបស់គាត់នឹងកាន់តែឆ្លាតជាងមុន ក្នុងផ្នែកទំនាក់ទំនង និងការបម្លាស់ទី។ នៅក្នុងតំណាក់កាលនេះ ពួកគាត់ចូលចិត្តប្រើប្រាស់សមត្ថភាពគ្រប់យ៉ាងរបស់ខ្លួនដូចជា វារ លូន ឬអង្គុយ ដើម្បីឱ្យខ្លួនឈរឡើងបាន ហើយក្រៅពីនេះ ពួកគាត់ចូលចិត្តធ្វើអ្វីតាមដែលមនុស្សធំធ្វើដូច្នោះដែរ។
គាត់ចាប់ផ្ដើមទទួលបានបទពិសោធន៍ផ្សេងៗ និងស្វែងយល់ពីពិភពធម្មជាតិ ពីប្រដាប់ប្រដាក្មេងលេងរបស់ខ្លួន។ នៅក្នុងតំណាក់កាលនេះ គាត់អាចចេះនិយាយពីរបីម៉ាត់ដូចជាហៅ ប៉ា ឬម៉ាក់ និងចេះធ្វើកាយវិការដូចជាចង្អុល គ្រវីក្បាល ជាដើម ដើម្បីសន្ទនាជាមួយយើង។ នៅចន្លោះអាយុ៩ខែ ទៅ១ខួបនេះ ទារកយល់ពីកាយវិការមួយចំនួន ដូចជាគ្រវីក្បាល បានន័យថា «ទេ» និងទះដៃ បានន័យថា «សរសើរគាត់» ជាដើម៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com


