គ្រូម្នាក់បានឱ្យពិន្ទុ ឪពុកម្ដាយសិស្សម្នាក់ ១០០ពិន្ទុ ដោយសារតែ...
- ការអប់រំ
- ខែធ្នូ 4, 2019
ថ្មីៗនេះ មានឪពុកម្តាយកូនសិស្ស ដែលមិនត្រូវបានបង្ហាញ និងបញ្ជាក់អត្តសញ្ញាណ ត្រូវបានគ្រូបង្រៀនមួយរូប ទម្លាយពីការដែលក្នុងនាមជាអាណាព្យាបាល ហាក់ខ្វះទំនួលខុសត្រូវនៅក្នុងការជួយដល់ការរីកចម្រើននៅក្នុងការសិក្សារបស់កូនៗ។
ជាការពិតហើយ ការសិក្សារៀនសូត្រ គឺជាធាតុចាំបាច់បំផុតមួយ ដែលអាចជួយឱ្យកូនៗរបស់លោកអ្នក មានការចេះដឹងជ្រៅជ្រះ ហើយក៏ជាកត្តាមួយ ដែលធ្វើឱ្យពួកគេមានការយល់ដឹងទូលំទូលាយចំពោះបញ្ហាផ្សេងៗនៅក្នុងសង្គម។ ក្មេងៗនឹងទទួលបានចំណេះដឹង ឬជំនាញអ្វីមួយ ដោយការសិក្សារៀនសូត្រពីសាលា ពីមធ្យោបាយផ្សេងៗ និងពីឪពុកម្តាយ ឬពីអាណាព្យាបាលនៅផ្ទះផងដែរ។
នៅក្នុងសំណេរដែលត្រូវបានចែករំលែក នៅលើបណ្តាញសង្គមនោះ គ្រូទទួលបន្ទុកលើមុខវិជ្ជា បានចារដោយប៊ិចព័ណ៌ក្រហម នៅលើក្រដាសកិច្ចការងារផ្ទះរបស់សិស្ស ដោយខ្លឹមសារថា «ហេតុអ្វីក៏បងមិនឱ្យកូនសរសេរដោយខ្លួនឯង? ខ្ញុំជាគ្រូ ខ្ញុំស្គាល់អក្សរសិស្សច្បាស់ណាស់! គួរតែបងពន្យល់កូន ហើយឱ្យកូនសរសេរដោយខ្លួនឯង។ ពិន្ទុ១០០នេះ ខ្ញុំជូនបង មិនមែនសម្រាប់កូនបងទេ!»។
យើងអាចយល់បានពីអ្វីដែលអាណាព្យាបាលរូបនេះ ធ្វើកិច្ចការជំនួសកូនរបស់ខ្លួន ព្រោះជាធម្មជាតិទូទៅ ទឹកចិត្តឪពុកម្តាយ ឬអាណាព្យាបាល តែងតែចង់ឱ្យកូនៗរបស់ខ្លួន ទទួលបានពិន្ទុល្អ ឬពិន្ទុច្រើន ជាដើម។ ពិន្ទុនៅលើក្រដាស់កិច្ចការចំនួន១០០ពិន្ទុ ដែលគ្រូផ្តល់ឱ្យ គឺជាការលើកទឹកចិត្តដល់អាណាព្យាបាល ដែលយកចិត្តទុកដាក់ខំធ្វើកិច្ចការសាលាជំនួសកូនៗជាទីស្រលាញ់របស់ខ្លួន។
អ្នកជំនាញផ្នែកអប់រំជាច្រើន ក៏បានផ្តល់ការណែនាំ ដូចអ្វីដែលលោកគ្រូទទួលបន្ទុកខាងលើ លើកឡើងដូច្នោះដែរ។ តាមពិតទៅ ឪពុកម្តាយ ឬអាណាព្យាបាលកូនៗជាទីស្រលាញ់គ្រប់រូប មិនគួរជួយធ្វើកិច្ចការងារសាលាជំនួសកូនៗនោះទេ។
ឪពុកម្តាយ ឬអាណាព្យាបាល អាចមានតួនាទីត្រឹមជួយបង្ហាត់បង្រៀនបន្ថែមទៅលើមុខវិជ្ជាណាមួយ ឬពន្យល់ណែនាំនូវកិច្ចការសាលាណាមួយ ដែលកូនៗ មិនសូវយល់ ឬយល់មិនច្បាស់លាស់ ហើយទុកឱ្យពួកគាត់ជាអ្នកធ្វើដោយខ្លួនឯង៕
អត្ថបទពិសេស៖ ៧របៀបនៃការបង្កើតទម្លាប់ ក្នុងការធ្វើកិច្ចការសាលាដ៏ល្អសម្រាប់កូនៗ
រក្សាសិទ្ធិដោយ៖ www.konkmeng.com


