ញ៉ាំផ្លែចេកត្រឹម២ផ្លែក្នុងមួយថ្ងៃ ផ្តល់គុណប្រយោជន៍ដល់សុខភាពនឹកស្មានមិនដល់
- សុខភាព
- ខែវិច្ឆិកា 23, 2019
ចេក គឺជាផ្លែឈើមួយប្រភេទ ដែលគេពេញនិយមក្នុងពិភពលោក។ តាមពិតទៅ ចេកគឺជាដំណាំដែលមានតម្លៃទី៤ទូទាំងពិភពលោក ហើយត្រូវបានគេដាំហោចណាស់នៅក្នុង១០៧ប្រទេស។ ថ្ងៃនេះ konkmeng (កូនក្មេង) សូមលើកយកអត្ថប្រយោជន៍ដែលទទួលបានពីការញ៉ាំផ្លែចេកចំនួន២ផ្លែក្នុងមួយថ្ងៃ ដែលមានគុណប្រយោជន៍ចំពោះសុខភាព៖
១.ផ្ដល់សារធាតុប៉ូតាស្យូម
ប៉ូតាស្យូមចូលរួមត្រួតពិនិត្យសម្ពាធឈាម អត្រាចង្វាក់បេះដូង និងជម្រុញឱ្យមានការបញ្ចេញអរម៉ូនអាំងស៊ុយលីនផងដែរ។ ដើម្បីទទួបានសុខភាពល្អ ជាទូទៅក្នុងមួយថ្ងៃ មនុស្សម្នាក់ត្រូវការប៉ូតាស្យូមចំនួន៣៥០០ ទៅ៤៧០០មីលីក្រាម។ ចំណែកឯផ្លែចេកចំនួនពីរផ្លែ អាចផ្ដល់ប៉ូតាស្យូមដល់ទៅ៩០០មីលីក្រាមឯណោះ។
២.ជំនួយសម្ពាធឈាម និងបេះដូង
មនុស្សភាគច្រើនទទួលទានសូដ្យូមច្រើនជាងប៉ូតាស្យូម ដែលនេះបណ្ដាលឱ្យចំនួនប៉ូតាស្យូម និងសូដ្យូមមិនស្មើគ្នា ហើយធ្វើឱ្យសម្ពាធឈាមយើងមានបញ្ហា។ ការទទួលទានផ្លែចេកចំនួន២ផ្លែក្នុងមួយថ្ងៃ នឹងជួយកាត់បន្ថយបញ្ហានេះ ដោយសារផ្លែចេកមានផ្ទុកនូវជាតិប៉ូតាស្យូមយ៉ាងច្រើន។ លើសពីនេះ ផ្លែចេកមានផ្ទុកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់បេះដូង ដូចជា ហ្វាយបឺរ វីតាមីនសេ និងវីតាមីនបេ៦ ជាដើម។
៣.កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ផ្លែចេក មានផ្ទុកវីតាមីនC ដែលជាភ្នាក់ងារសំខាន់ក្នុងការប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចធ្វើឱ្យយើងកើតជំងឺមហារីក។ ម្យ៉ាងទៀត ជាតិសរសៃហ្វាយបឺរ (Fiber) ដែលមាននៅក្នុងផ្លែចេក ក៏អាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំផងដែរ។
៤.បំបាត់ការឈឺក្រពះ
ចេកអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ប៉ូតាស្យូម និងជាតិហ្វាយបឺរ ដែលមាននៅក្នុងផ្លែចេក នឹងទៅជួយផ្លាស់ទីអាហារទៅក្នុងបំពង់រំលាយអាហារ។ មួយវិញទៀត ផ្លែចេកមានប្រភេទជាតិសរសៃរលាយ ដែលមានឈ្មោះថា ផេកទីន (Pectin) ជួយកាត់បន្ថយកូលេស្ដេរ៉ុល និងជាតិគ្លុយកូស ដោយកម្ទេចកាបូនអ៊ីដ្រាតនៅក្នុងដំណើរការរំលាយអាហារ។ ហេតុនេះហើយ ទើបអ្នកដែលឈឺក្រពះត្រូវញ៉ាំចេកឱ្យបានច្រើន។
៥.ផ្ទុកជាតិស្ករជិត៣០ក្រាម
ផ្លែចេកតែ២ផ្លែ មានផ្ទុកជាតិស្ករលើសអ្វីដែលរាងកាយយើងត្រូវការទៅទៀត។ ប៉ុន្ដែ ថ្វីត្បិតតែលើសពីតម្រូវការ លោកអ្នកគួរញ៉ាំវា ព្រោះប្រភេទជាតិស្ករដែលមាននៅក្នុងផ្លែចេក លោកអ្នកមិនអាចរកបាននៅក្នុងប្រភេទផ្លែឈើដទៃទៀតនោះទេ។
៦.បង្កហានិភ័យដល់មនុស្សមួយចំនួន
ចំពោះលោកអ្នកដែលប្រើប្រាស់ថ្នាំលើសឈាមឈ្មោះ បេតាប្លក់ឃឺរ (Beta Blocker ជាថ្នាំបញ្ចុះសម្ពាធឈាម និងជំងឺបេះដូង) មិនគួរញ៉ាំផ្លែចេកមួយថ្ងៃ២ផ្លែឡើយ ព្រោះថាវាមានប្រតិកម្មជាមួយនឹងអាហារណាដែលផ្ទុកជាតិសូដ្យូមច្រើន។ ដោយសារ បេតាប្លក់ឃឺរ មានផ្ទុកជាតិសូដ្យូមស្រាប់ ដូច្នេះវានឹងអាចធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់នៅពេលញ៉ាំផ្លែចេកបន្ថែមទៀត។
ជារួមមក តើយើងអាចញ៉ាំផ្លែចេកប៉ុន្មានផ្លែក្នុងមួយថ្ងៃ? ការសិក្សាបញ្ជាក់ថា ប៉ូតាស្យូម អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុចំនួន២០%។ តែបើ ប៉ូតាស្យូម លើសចំនួន នោះនឹងធ្វើឱ្យសាច់ដុំបេះដូងចុះខ្សោយ។
ទោះយ៉ាងណាក៏ដោយ ផ្លែចេកមិនត្រូវបានគេរាប់ចូលទៅក្នុងប្រភេទអាហារគ្រោះថ្នាក់នោះទេ លោកអ្នកអាចញ៉ាំផ្លែចេក៧ ឬ៨ផ្លៃក្នុងមួយថ្ងៃក៏បាន បើសិនលោកអ្នកចង់ ដើម្បីទទួលបានសារធាតុប៉ូតាស្យូមផ្គត់ផ្គងតម្រូវការរាងកាយ។ ម្យ៉ាងទៀត ប្រសិនបើលោកអ្នកជាមនុស្សមានសុខភាពល្អធម្មតា លោកអ្នកអាចញ៉ាំផ្លែចេកទៅតាមចំណង់របស់លោកអ្នកបាន ប៉ុន្ដែជាការល្អនោះ គួរញ៉ាំ២ផ្លែក្នុងមួយថ្ងៃ គឺសមល្មមហើយ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com


