តើគួរដោះស្រាយបែបណា បើកូនលោកអ្នករពឹសម្លឹងៗ? សាកល្បងវិធីសាស្ត្រទាំងនេះ!
- ការអប់រំ
- ខែធ្នូ 16, 2019
ក្មេងមួយចំនួនរពឹសណាស់ ចាប់សឹងមិនចង់ឈ្នះ។ អាណាព្យាបាលមួយចំនួនពិបាកនឹងគ្រប់គ្រងពួកគាត់ណាស់ ហើយជួនកាលក៏មានអារម្មណ៍ធុញទ្រាន់ផងដែរ។ ដើម្បីកាត់បន្ថយបន្ទុកនេះ គេហទំព័រ កូនក្មេង Konkmeng សូមចែករំលែកលោកឪពុកអ្នកម្ដាយទាំងឡាយនូវវិធីសាស្ត្រមួយចំនួនក្នុងការមើលថែកូនៗដែលរពឹស៖
១.ត្រូវមានដែនកំណត់មួយសម្រាប់ពួកគាត់ (Fix limit)
ឪពុកម្ដាយមិនគួរតម្រូវចិត្ត ឬធ្វើអ្វីៗគ្រប់រឿង តាមតែការចង់បានរបស់កូនៗទាំងអស់នោះទេ។ លោកអ្នកគួរមានដែនកំណត់មួយច្បាស់លាស់នៅក្នុងការមើលថែពួកគាត់។ លោកអ្នកត្រូវប្រើវិធីម៉ឺងម៉ាត់ តែក៏មិនត្រូវកាច និងស្រែកខ្លាំងដាក់កូនៗដែរ។ ឧទាហរណ៍ បើសិនពួកគាត់ទារចង់បានអ្វីមួយដោយប្រើអាកប្បកិរិយាមួរម៉ៅ ក្ដៅក្រហាយ ធ្វើជាយំ នោះលោកអ្នកគួរប្រាប់ថា៖ «បើធ្វើអាកប្បកិរិយាដូច្នេះ ម៉ាក់អត់ទិញឲ្យទេ»។ មួយវិញទៀត ការយករបស់ដែលពួកគេចង់បានមកធ្វើជាការដោះដូរ រវាងការណែនាំពួកគេអំពីអាកប្បកិរិយាល្អ គឺជាវិធីសាស្ដ្រមួយដ៏មានប្រសិទ្ធភាព។ ធ្វើដូច្នេះ ក្មេងៗនឹងយល់ពីលទ្ធផលនៃការប្រព្រឹត្តមិនល្អ និងព្យាយាមកែដើម្បីបានរង្វាន់។
២.មិនត្រូវបង្ហាញទម្លាប់មិនល្អនៅចំពោះមុខកូន (Be consistent)
ជាធម្មតាមនុស្សយើងតែងមានអារម្មណ៍ប្រែប្រួលជាប្រចាំ ថ្ងៃខ្លះមានអារម្មណ៍ល្អ មិនស្មុគស្មាញនឹងការងារច្រើនជាដើម អាចនឹងហាមមិនឱ្យកូនៗមើលទូរទស្សន៍ច្រើនជាដើម។ ប៉ុន្ដែ ប្រហែលជាថ្ងៃស្អែក លោកអ្នកមានអារម្មណ៍ស្មុគស្មាញ រវល់ច្រើន អាចនឹងមានអាកប្បកិរិយាកោងកាចដាក់កូន។ នៅក្នុងសភាពនៃអារម្មណ៍បែបនេះ លោកអ្នកអាចនឹងបណ្តោយឱ្យកូនៗមើលទូរទស្សន៍តាមអំពើចិត្តក៏ថាបាន។
មែនទែនទៅ នៅក្នុងគ្រួសារមួយ ឪពុកម្ដាយគឺជាគំរូ បើសិនជាលោកអ្នកបង្ហាញទម្លាប់អាកប្បកិរិយាមិនល្អដាក់កូនបែបហ្នឹង វាជាគំរូអាក្រក់មួយសម្រាប់កូនៗ ហើយពួកគេនឹងចម្លងយកភាពកោងកាច មួរម៉ៅធ្វើដាក់លោកអ្នកវិញម្ដងបន្ដិចៗជាមិនខាន។ ដូច្នេះ ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល មិនត្រូវផ្លាស់ប្ដូរចរិត ឬទម្លាប់របស់មិនល្អរបស់ខ្លននៅចំពោះមុខក្មេងៗឡើយ។
៣.កំណត់ពេលវេលាមើលទូរទស្សន៍ ឬកុំព្យូទ័រ (Limit TV and computer time)
ក្មេងៗភាគច្រើនចូលចិត្តមើលតុក្កតា ឬលេងវីដេអូហ្គេម។ បើសិនលោកអ្នកអនុញ្ញាតឱ្យពួកគេមើល នោះ ពួកគេនឹងមើលជក់អារម្មណ៍ជាទីបំផុត បើទោះបីមើលអស់រយៈពេល១ម៉ោង ឬ២ម៉ោងក៏ដោយ។ ការបណ្តោយឱ្យក្មេងមើល ឬប្រើឧបករណ៍អេឡិចត្រូនិចច្រើនពេក នឹងធ្វើឱ្យការលូតលាស់របស់ក្មេងមិនបានពេញលេញល្អនោះទេ។
ការមើលតុក្កតា ឬវីដេអូហ្គេមច្រើនពេក គឺអាចប៉ះពាល់ដល់ស្មារតីក្មេង ធ្វើឲឱ្យក្មេងសប្បាយហួសកម្រិត។ នៅពេលនោះហើយ ដែលក្មេងៗនឹងយកចំហាយដែលសេះសល់ពីការសប្បាយរបស់ពួកគេ មកមួរម៉ៅដាក់យើងជាមិនខាន។ ដូច្នេះ លោកអ្នកមិនត្រូវអនុញ្ញាតឱ្យក្មេងមើលពពួកអេក្រង់អេឡិចត្រូនិចច្រើនពេកទេ។
ចុចដំណភ្ជាប់នេះដើម្បីអានអំពីចំនួនម៉ោងពេលនៃការមើលអេក្រង់ទូរស័ព្ទឬទូរទស្សន៍ដែលបែងចែកទៅតាមវ័យរបស់ក្មេង
៤.ធ្វើជាគំរូដ៏ល្អសម្រាប់កូនអ្នក (Model good behavior)
កុមារត្រូវការមើលឃើញនូវទិដ្ឋភាពល្អៗចេញពីឪពុកម្ដាយ និងសង្គមជុំវិញខ្លួន។ មិនខ្វល់ថាកូនលោកអ្នកមានអាយុប៉ុន្មានទេ តែពួកគេនឹងកត់សម្គាល់ពីរបៀបនៃការឆ្លើយតប និងអាកប្បកិរិយារបស់សង្គមជុំវិញខ្លួនក្នុងគ្រប់ទម្រង់ទាំងអស់។ ដូច្នេះ ក្នុងនាមលោកអ្នកជាអាណាព្យាបាល គួរធ្វើជាគំរូល្អឱ្យកូនៗមើលឃើញ។ ឧទាហរណ៍ លោកអ្នកចង់ឱ្យកូនចេះគួរសមជាមួយអ្នកដទៃ ដូច្នេះលោកអ្នកអាចបង្ហាត់ឱ្យពួកគាត់និយាយពាក្យ «អរគុណ» ឬ«អត់ទោស» គ្រប់ស្ថានភាពដែលពួកគាត់គួរតែនិយាយ។
ជារួមមក គន្លឹះសំខាន់ក្នុងការដោះស្រាយជាមួយក្មេងរពឹស គឺស្ថិតលើភាពជាគំរូនៃអាកប្បកិរិយាល្អរបស់ឪពុកម្ដាយ អាណាព្យាបាល ការអប់រំទាំងនៅសាលា និងក្នុងផ្ទះ និងការយល់ដឹងអំពីការលូតលាស់របស់កុមារផងដែរ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com


