មិនមែនជារឿងធម្មតាដូចយើងគិត អត់ដុសធ្មេញមុនចូលគេង ពិតជានាំទុក្ខដាក់ខ្លួនមែន
- សុខភាព
- ខែវិច្ឆិកា 17, 2019
វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការដុសធ្មេញយ៉ាងតិចឱ្យបាន២ដងក្នុងមួយថ្ងៃ ព្រោះនៅពេលដែលលោកអ្នកមិនដុសធ្មេញ គឺលោកអ្នកកំពុងតែបង្កើតបាក់តេរីឱ្យទៅកម្ទេចធ្មេញអ្នកហើយ ដែលនឹងបង្កផលមិនល្អចំពោះសុខភាព។
ទឹកមាត់ គឺជាភ្នាក់ងារការពារដ៏ខ្លាំងក្លាមួយសម្រាប់មាត់ធ្មេញរបស់យើង។ វាការពារធ្មេញពីការវាយប្រហាររបស់បាក់តេរី ម្យ៉ាងទៀតវាមានសមត្ថភាពបន្សាបជាតិអាស៊ីត និងកាកសំណល់ក្នុងមាត់ថែមទៀតផង។
អ្នកឯកទេសពេទ្យធ្មេញបានលើកឡើងថា នៅពេលយប់បរិមាណទឹកមាត់របស់យើង នឹងថយចុះ ដូច្នេះបើយើងមិនបានដុសសម្អាតធ្មេញទេ វាងាយនឹងធ្វើឱ្យកើតកម្អែលធ្មេញ។ កម្អែលធ្មេញមានលក្ខណៈស្អិតៗ ហើយជាកន្លែងផ្ទុកបាក់តេរី។ កម្អែលធ្មេញនឹងក្លាយជាមានសភាពកាន់តែរឹង ក្រើម និងលឿងទៅៗ។ លក្ខណៈបែបនេះនឹងវិវត្តន៍កាន់តែខ្លាំង នៅពេលដែលយើងមិនបានដុសធ្មេញកាន់តែយូរ។
លើសពីនេះ កម្អែលធ្មេញទាំងនោះនឹងធ្វើឱ្យអញ្ចាញឆ្លងមេរោគ ហើយបណ្ដាលឱ្យហូរឈាមតាមអញ្ចាញ ពុកអញ្ចាញធ្មេញ និងធ្វើឱ្យយើងមានអារម្មណ៍ពិបាកនៅត្រង់អញ្ចាញនេះ ជាដើម។ កម្អែលធ្មេញទាំងនោះ នឹងមិនត្រូវបានសម្អាតចេញដោយច្រាសដុសធ្មេញ ឬសសៃអំបោះបាននោះទេ មានតែអ្នកជំនាញខាងអនាម័យមាត់ធ្មេញទេ ទើបអាចជួយយើងបាន។
បាក់តេរីដែលស្ថិតក្នុងកម្អែលធ្មេញទាំងនោះ នឹងរីកធំធាត់ក្នុងរយៈពេល២៤ម៉ោង។ បាក់តេរីបង្កើតជាតិអាស៊ីតជារៀងរាល់ថ្ងៃ ហើយវានឹងបង្កើតអាស៊ីតកាន់តែច្រើន នៅពេលដែលយើងបរិភោគអាហារ។ អាស៊ីតទាំងនោះ នឹងទៅកាត់ស្រទាប់អ៊ីនណាមែល(Enamel)របស់ធ្មេញ បន្ទាប់មកធ្មេញរបស់យើងនឹងកើតចេញជាប្រហោង ហើយកើតជាជំងឺពុកធ្មេញ។
ការចំណាយពេលប្រហែលពីរនាទី ដើម្បីដុសសម្អាតធ្មេញមុនពេលចូលគេង នឹងជួយឱ្យយើងមានសុខភាពមាត់ធ្មេញល្អ និងជៀសឆ្ងាយពីមេរោគផ្សេងៗ ដែលបណ្ដាលមកពីការមិនបានដុសធ្មេញមុនចូលគេង។
ទោះយ៉ាងណា លោកអ្នកគួរតែប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសមាត់ធ្មេញ ដើម្បីរៀបកាលវិភាគក្នុងការត្រួតពិនិត្យសុខភាពធ្មេញជាប្រចាំ។ ម្យ៉ាងទៀត លោកអ្នកគួរតែដុសធ្មេញឱ្យបានពីរដងក្នុងមួយថ្ងៃ ជាមួយនឹងច្រាសដែលមានលក្ខណៈទន់ និងថ្នាំដុសធ្មេញដែលមានជាតិហ្វ្លអររ៉ាយ(Fluoride) ដើម្បីកុំឱ្យកម្អែលធ្មេញមករំខាន។ «សូមកុំភ្លេចដុសធ្មេញមុនចូលគេងទាំងអស់គ្នាណា!»៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com


